ភ្នំពេញ: ហ្វតតេ ពិតជាមានកិត្តិយសដែលបានចូលរួមកម្មវិធី "Industry Mid-Year Review 2023" ដែលបានរៀបចំឡើយដោយ International Business Chamber Cambodia (IBC) កាលពីថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2023។ ក្នុងនោះផងដែរ លោក យក់ ចំរើនប្ញទ្ធិ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានធ្វើការចែករំលែកចំណេះដឹឹង ព័ត៌មានថ្មីៗ និងបច្ចុប្បន្នភាពនៃវិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជា ក៏ដូចជាឱកាសនៃការវិនិយោគអាជីវកម្ម ទៅកាន់ថ្នាក់ដឹកនាំ និងអ្នកចូលរួមមកពីគ្រប់វិស័យ។
កិច្ចប្រជុំមួយនេះត្រូវបានប្រព្រឹត្តឡើងនៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពី អ្នកជំនាញចំនួន 12 រូបមកបណ្តាពីឧស្សាហកម្មផ្សេងៗក្នុងប្រទេសកម្ពុជា ដូចជា ផ្សាយពាណិជ្ជកម្ម កសិកម្ម គ្រឿងស្រវឹង ការអប់រំ ថាមពល ហិរញ្ញវត្ថុ និងធនាគារ ធនធានមនុស្ស បច្ចេកវិទ្យា ធានារ៉ាប់រង អចលនទ្រព្យ សេវាកម្ម និងទេសចរណ៍ ដើម្បីចែករំលែកការយល់ឃើញរបស់ខ្លួនសម្រាប់ឆ្នាំ 2023 និងការព្យាករណ៍ស្ថានភាពនៃការអភិវឌ្ឍន៍ និងសេដ្ឋកិច្ច នាពេលខាងមុខ។
តាមរយះបទបង្ហាញរបស់លោក យក់ ចំរើនប្ញទ្ធិ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានបញ្ជាក់អោយឃើញពីការប្រែប្រួលពីវិស័យធានារ៉ាប់រង ចាប់ពីខែមករា រហូតដល់ពាក់កណ្តាលឆ្នាំ២០២៣នេះ។ លោកបានបញ្ជាក់ផងដែរថា កំណើននៃឧស្សាហកម្មធានារ៉ាប់រងក្នុងកំឡុងពេលពាក់កណ្តាលឆ្នាំនេះ គឺមានការកើនឡើង ៦.៩% បើធ្វើការប្រៀបធៀបនឹងរយះពេលដូចគ្នាកាលពីឆ្នាំ២០២២។ ទោះជាយ៉ាងណាក្តី ធានារ៉ាប់រងលើវេជ្ជសាស្ត្របានបន្តកើនឡើងចំនួន ៧៧% គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ចំណែកឯធានារ៉ាប់រងទៅលើអចលនទ្រព្យ មានបុព្វលាភសរុបកើនឡើងគួរអោយកត់សម្គាល់ ពោលគឺមានចំនួន ១៥.៧%។
បន្ថែមពីលើនោះទៅទៀត លោក យក់ ចំរើនប្ញទ្ធិ ក៏បានបង្ហាញផងដែរថា ការទិញធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តនឹងមានភាពងាយស្រួល និងមានតម្លៃសមរម្យជាងមុនសម្រាប់អតិថិជនក្នុងស្រុក និងអាចជួយកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុរបស់អតិថិជនបានយ៉ាងប្រសើរ នៅពេលជួបប្រទះឧបទ្ទវហេតុណាមួយ។ លោកក៏បានបង្ហាញការយល់ដឹងរបស់ខ្លួន អំពីភាពជឿនលឿន និងបច្ចុប្បន្នភាពនៃប្រព័ន្ធឌីជីថល នៅពេលដែលអតិថិជនចង់ទទួលយកសំណង ឬដាក់ពាក្យស្នើសុំសំណងពីក្រុមហ៊ុន ដែលបច្ចេកវិទ្យានេះអាចបង្កើនបទពិសោធន៍របស់អតិថិជនឲ្យកាន់តែប្រសើរឡើង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ លោកមានប្រសាសន៍ថា ការធានារ៉ាប់រងកសិកម្ម នឹងមានការកើនឡើងជាលំដាប់។ បណ្ណសន្យារ៉ាប់រងលើសន្ទស្សន៍អាកាសធាតុរបស់យើង នឹងក្លាយជាមធ្យោបាយដ៏គួរឱ្យទុកចិត្តមួយសម្រាប់កសិករកម្ពុជា ដែលចង់បានការការពារខ្លួនពីបញ្ហាហិរញ្ញវត្ថុអំឡុងពេលមានការប្រែប្រួលអាកាសធាតុ។
ជាចុងក្រោយ យើងសូមថ្លែងអំណរគុណចំពោះ International Business Chamber Cambodia (IBC) ដែលបានផ្តល់កិត្តិយសសម្រាប់ហ្វតតេ ក្នុងការ ចូលរួមក្នុងកិច្ចប្រជុំ ចែករំលែកព័ត៌មាន និងបច្ចុប្បន្នភាពនៃវិស័យធានារ៉ាប់រងជូនដល់អ្នកចូលរួមទាំងអស់ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យធានារ៉ាប់រង ហ្វតតេ តែងតែផ្តល់នូវការចូលរួម និងចែករំលែកចំណេះដឹង និងការអប់រំស្តីពីវិស័យធានារ៉ាប់រងជូនសាធារណៈជន ។
ទៅខាងលើគេ