ក្រុមហ៊ុន ហ្វតតេ បន្តទទួលចំណាត់ថ្នាក់ខ្ពស់នៃភាពរឹងមាំ និងមានស្ថិរភាពហិរញ្ញវត្ថុ ៣ឆ្នាំជាប់គ្នា ពីភ្នាក់ងារអន្តរជាតិវាយតម្លៃឥណទាន GCR
ទីក្រុងឡាហ្គោស, ថ្ងៃទី 22 កញ្ញា 2025 – GCR Ratings (GCR) បានបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បន្តជាប់ចំណាត់ថ្នាក់ AA+(KH) ក្នុងកម្រិតស្តង់ដារជាតិ និង B+ ក្នុងកម្រិតស្តង់ដារអន្តរជាតិ លើភាពរឹងមាំ និងមានស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្នុងឆ្នាំ 2025នេះ។
ការបន្តទទួលស្គាល់ និងការបន្តទទួលបានចំណាត់ថ្នាក់ខ្ពស់ ក្នុងកម្រិត AA+(KH)/ B+ រយៈពេល ៣ឆ្នាំជាប់គ្នា (ពីឆ្នាំ 2023, 2024, និងឆ្នាំ 2025) ពីស្ថាប័នលំដាប់អន្តរជាតិ GCR គឺជាសក្ខីភាពបញ្ជាក់ពីភាពជាប់លាប់ និងរឹងមាំនៃដំណើរការហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យផ្នែកហិរញ្ញវត្ថុប្រកបដោយភាពចាស់ទុំ និងយុទ្ធសាស្ត្រ រួមទាំងសមត្ថភាពបំពេញកាតព្វកិច្ចហិរញ្ញវត្ថុ ពិសេសនៅក្នុងបរិបទនៃការប្រកួតប្រជែងទីផ្សារធានារ៉ាប់រង។ ការរក្សាបាននូវចំណាត់ថ្នាក់ស្ថិរភាពនេះ បានលើកមុខមាត់របស់ក្រុមហ៊ុន ហ្វតតេ និងការទទួលបានទំនុកចិត្តទ្វេដងពីអតិថិជនមកលើអាជីវកម្មរបស់យើង ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងដែលគួរឱ្យទុកចិត្តបំផុតទាំងក្នុងក្របខ័ណ្ឌតំបន់ និងនៅលើឆាកអន្តរជាតិ។
លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ការទទួលបានចំណាត់ថ្នាក់កម្រិតខ្ពស់ GCR ជាថ្មីម្តងទៀត គឺជាតឹកតាងបញ្ជាក់ថា ហ្វតតេ មានមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំ។ ភាពរឹងមាំនេះទៀតសោត មិនមែនគ្រាន់តែជាតួលេខ ឬ ទំនុកចិត្តតែមួយមុខប៉ុណ្ណោះទេ តែនេះជាឱកាសសម្រាប់យើងទាំងអស់គ្នា ក្នុងការវិនិយោគបន្ថែមទៅលើបច្ចេកវិទ្យាឌីជីថល ក្នុងទិសដៅកែលម្អគុណភាពសេវាកម្ម និងការសម្រិតសម្រាំងផលិតផលធានារ៉ាប់រងដែលឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។ ចក្ខុវិស័យរយៈពេលវែងរបស់ក្រុមហ៊ុន ហ្វតតេ គឺមានភាពច្បាស់លាស់ ក្នុងន័យការពារ និងផ្តល់សិទ្ធិអំណាចដល់បុគ្គល និងអាជីវកម្មនានា ដើម្បីជួយបង្កើនស្ថិរភាពសេដ្ឋកិច្ច និងពង្រឹងទំនុកចិត្តពីសហគមន៍អន្តរជាតិ។»
លោក ពិន និរន្ត នាយកប្រតិបត្តិហិរញ្ញវត្ថុ របស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ គ្រុប បានមានប្រសាសន៍ថា៖ «ហ្វតតេ ក៏ជាក្រុមហ៊ុនធានារ៉ាប់រងដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិជាមួយនឹងចំណែកទីផ្សារប្រមាណជា 43% នៃទីផ្សារធានារ៉ាប់រងទូទៅក្នុងប្រទេសកម្ពុជា។ នៅក្នុងបរិបទសេដ្ឋកិច្ចសកលដែលមានការប្រែប្រួលឥតឈប់ឈរ ការបន្តទទួលបានចំណាត់ថ្នាក់ B+ និង AA+(KH) របស់យើង បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងដ៏ល្អបំផុត និងបង្ហាញពីវឌ្ឍនភាពនៃទំនុកចិត្តរបស់អតិថិជន។ យើងជឿជាក់ថា ភាពរឹងមាំ និងមានស្ថិរភាពផ្នែកហិរញ្ញវត្ថុរបស់ហ្វតតេ គឺជាគុណតម្លៃដែលអនុញ្ញាតឱ្យយើងបន្តចូលរួមកសាងអនាគតប្រកបដោយសុវត្ថិភាព និងភាពជឿជាក់សម្រាប់ប្រជាជនកម្ពុជា។»
អំពីភ្នាក់ងារវាយតម្លៃឥណទាន (GCR)
GCR ជាភ្នាក់ងារវាយតម្លៃឥណទាន និងផ្តល់ការប្រឹក្សាយោបល់ឯករាជ្យ លើហានិភ័យហិរញ្ញវត្ថុឈានមុខគេ ហើយក៏ជាបុត្រសម្ព័ន្ធរបស់ Moody’s ផងដែរ បាននិងកំពុងប្រតិបត្តិការ និងផ្តល់នូវការយល់ដឹង អំពីភាពរឹងមាំ និងស្ថិរភាពហិរញ្ញវត្ថុរបស់ស្ថាប័នមួយ៕
ព័ត៌មានលម្អិត សូមចូលទៅកាន់៖ https://gcrratings.com/about-us-2/