ហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងមានអាយុកាលចំណាស់ និងធំជាងគេក្នុងប្រទេសកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះនិរន្តរភាពបរិស្ថាន។ លោក នី លីហួង ប្រធាននាយកផ្នែកធានារ៉ាប់រងខ្នាតតូច និង កសិកម្ម របស់ ហ្វតតេ បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ 2023 (CCCS23) ដែលត្រូវបានរៀបចំសហការដោយក្រសួងបរិស្ថាន (MOE) និង Mekong Future Initiative (MFI)។
កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ 2023 (CCCS23) លើកនេះ ត្រូវបានប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2023 នៅសណ្ឋាគារ បុរីអង្គរ រីសត ដែលមានការចូលរួមដោយមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញមកពីស្ថាប័ន និងអង្គការនានា ដើម្បីបង្ហាញពីវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ នៅក្នុងកិច្ចប្រជុំនោះផងដែរ លោក លីហួង ក៏បានចែករំលែកពីអត្ថប្រយោជន៍មួយចំនួនដែល បណ្ណសន្យារ៉ាប់រងដំណាំដោយផ្អែកលើសន្ទស្សន៍អាកាសធាតុរបស់ ហ្វតតេ ផ្ដល់ផលវិជ្ជមានជូនដល់កសិករកម្ពុជារាប់ពាន់នាក់ តាមរយៈការការពារដំណាំរបស់ពួកគាត់ និងកាត់បន្ថយការខាតបង់ដែលបណ្តាលមកពីការបម្រែបម្រួលធាតុអាកាស។
បណ្ណសន្យារ៉ាប់រងដំណាំដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ របស់យើងខ្ញុំ ជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតមួយដែលអាចគ្រប់គ្រងហានិភ័យបណ្តាលមកពីការបម្រែបម្រួលអាកាសធាតុដោយប្រើប្រាស់សន្ទស្សន៍ធាតុអាកាសដែលបានកំណត់ទុកជាមុន ដូចជាការធ្លាក់ភ្លៀងជោកជាំ និង/ឬភាពរាំងស្ងួត ដើម្បីគណនាទំហំសំណង។ បណ្ណសន្យារ៉ាប់រងនេះ ផ្តល់ភាពរហ័ស និងងាយស្រួលក្នុងការផ្តល់សំណងបើប្រៀបធៀបជាមួយនឹងប្រភេទគម្រោងធានារ៉ាប់រងលើដំណាំដែលមានពីមុន។ ការផ្តល់សំណងហិរញ្ញវត្ថុបែបនេះជួយធានាសន្តិសុខហិរញ្ញវត្ថុសម្រាប់កសិករខ្នាតតូច ដើម្បីស្តារការខាតបង់លើដំណាំរបស់គាត់ដែលមិនបានរំពឹងទុក ដោយសារតែហេតុការណ៍អាកាសធាតុនានា។
យើងពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលមានឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលមួយនេះ និងបានឡើងបង្ហាញអំពីរបៀបដែល បណ្ណសន្យារ៉ាប់រងដំណាំដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ របស់យើង ដើរតួជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាខែលសម្រាប់ការពារកសិករពីហានិភ័យបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុជាពិសេស។