កាលពីថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ2023 ហ្វតតេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្រ្តមួយជាមួយ ក្រុមហ៊ុន Huaxin Insurance Brokers ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Huadian ដែលជាក្រុមហ៊ុនផលិតថាមពលរបស់រដ្ឋដ៏ធំបំផុតមួយរបស់ប្រទេសចិន។ កម្មវិធីនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពី លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្វតតេ គ្រុប និងលោក Zhao Yanlin Executive Chairman of Huaxin Brokers Insurance ព្រមទាំងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងពីរ និងភ្ញៀវកិត្តិយសផងដែរ។
ក្រុមហ៊ុន Huaxin Insurance Brokers គឺជាក្រុមហ៊ុនធានារ៉ាប់រងមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំងដ៏ជំនាញ និងមានវិជ្ជាជីវៈតែមួយគត់ដែលបានបម្រើសហគ្រាសរាប់រយកន្លែងនៅក្នុងក្រុមហ៊ុន Huadian Group ។ កម្មវិធីចុះកិច្ចហត្ថលេខាមួយនេះ គឺជាចំណងរឹតបន្តឹងទំនាក់ទំនងរបស់ដៃគូទាំងពីរ រវាងក្រុមហ៊ុន Huaxin Broker Insurance និង ហ្វតតេ ឱ្យបានយូរអង្វែង ដោយសារយើងបានសហការរួមគ្នាលើការផ្តល់នូវការធានារ៉ាប់រងសម្រាប់គម្រោងផលិតថាមពលសំខាន់ៗនៅក្នុងប្រទេសកម្ពុជា កន្លងមកនេះ។
យើងបានសហការគ្នាជាដៃគូរវាងក្រុមហ៊ុន Huaxin ក្នុងការផ្ដល់ការធានារ៉ាប់រងលើគម្រោងផលិតថាមពលធំៗ រួមមានគម្រោងវារីអគ្គិសនីដ៏ធំបំផុតក្នុងប្រទេសកម្ពុជាឈ្មោះ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម និង ស្ថានីយ៍ថាមពល ខេត្តព្រះសីហនុ ដែលបានរួមចំណែកអភិវឌ្ឍន៍របស់កម្ពុជាបានយ៉ាងប្រសើរ។
លោក យក់ ចំរើនឫទ្ធិ មានប្រសាសន៍ថា៖ “តាមរយៈកិច្ចសហការនេះ យើងនឹងប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Huaxin និងបន្តរក្សាទំនាក់ទំនងដ៏រឹងមាំមួយនេះ ។ ខ្ញុំបាទ មានជំនឿចិត្តយ៉ាងមុតមាំថា ការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ នឹងផ្តល់លទ្ធផលដ៏គាប់ប្រសើរ ជាមួយនឹងអត្ថប្រយោជន៍ដល់ស្ថាប័ន បុគ្គលិក និងសហគមន៍ដែលយើងកំពុងប្រតិបត្តិការ។”
លោក Zhao Yanlin បានលើកឡើងដែរថា៖ នេះរាប់ជាខួបអនុស្សាsវរីយ៍លើកទី 10 ដែលក្រុមហ៊ុន Huaxin និង ហ្វតតេ បានសហការជាមួយគ្នា។ ជាមួយនឹងការខិតខំប្រឹងប្រែង គម្រោង Huadian Group ក្នុងប្រទេសកម្ពុជាទទួលបានការធានារ៉ាប់រងដ៏ទូលំទូលាយ សម្រាប់រយះពេលជាច្រើនឆ្នាំ។ ការចុះកិច្ចព្រមព្រៀងនេះ នឹងរឹតចំណងទំនាក់ទំនង ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃការផ្គត់ផ្គង់ថាមពលនៅទីនេះ ក៏ដូចជារួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
យើង សូមអរគុណដល់ក្រុមការងារ ដៃគូរ និងអតិថិជន ដែលបានជឿទុកចិត្តលើហ្វតតេ អស់រយៈពេលជាយូរឆ្នាំ។ ការគាំទ្ររបស់លោកអ្នកពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកយើង។ យើងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តរក្សាភាពជាដៃគូនេះឱ្យបានយូរអង្វែង ហើយយើងក៏បន្តប្ដេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មដ៏ល្អប្រសើរជូនអតិថិជន ដែលអនុញ្ញាតអោយហ្វតតេ ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដែលឈានមុខគេ។