លោក ព្រូ ស៊ីថន គឺជាអគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជា ព្រមទាំងជាថ្នាក់ដឹកនាំមួយរូបដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងវិស័យធានារ៉ាប់រងប្រចាំតំបន់អាស៊ី។ ដំណើរជីវិតការងាររបស់លោកបានឆ្លុះបញ្ចាំងពីបទពិសោធន៍ដ៏លេចធ្លោ និងសម្បូរបែប ដោយបានឆ្លងកាត់ការបម្រើការងារក្នុងវិស័យរដ្ឋ ច្បាប់ បណ្តាញចែកចាយអាជីវកម្ម និងថ្នាក់ដឹកនាំប្រតិបត្តិ។ បទពិសោធន៍ការងារដ៏ចម្រុះនេះ ត្រូវបានសម្រួចដោយភាពធន់ ភាពបត់បែន ការរៀនសូត្រជាបន្តបន្ទាប់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រីកការការពារផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។
ចាប់តាំងពីឆ្នាំ 2012 មក លោកបានដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ដោយបានចូលរួមចំណែកក្នុងការបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅក្នុងប្រទេស ការអភិវឌ្ឍដៃគូធនាគារ ឬ ប៊េងកាសួរេន និងការបង្កើតនូវគំរូនៃបណ្តាញចែកចាយអាជីវកម្មថ្មី។ បន្ទាប់ពីត្រូវបានតែងតាំងជាអគ្គនាយកនៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ នៅក្នុងឆ្នាំ 2023 លោកបាននិងកំពុងដឹកនាំការផ្លាស់ប្តូរទម្រង់អាជីវកម្មរបស់ក្រុមហ៊ុនឱ្យទៅជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានចីរភាព និងផ្តោតលើអតិថិជនជាចម្បង ព្រមទាំងជំរុញកំណើនអាជីវកម្ម និងលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន តាមរយៈផលិតផលប្រកបដោយនវានុវត្តន៍ និងកិច្ចសហការជាដៃគូយុទ្ធសាស្ត្រនានា។
ក្រៅពីតួនាទីជាថ្នាក់ដឹកនាំប្រតិបត្តិ លោក ស៊ីថន តែងតែចូលរួមជាវាគ្មិន សរសេរអត្ថបទ និងរួមចំណែកនៅក្នុងវេទិកាអន្តរជាតិ និងក្នុងតំបន់ឈានមុខគេជាច្រើន រួមមាន OECD–ADBI, Qorus, East Asian Insurance Congress, LAWASIA, Insurance Asia និង International Bar Association។ តាមរយៈការចូលរួម និងតួនាទីជាទីប្រឹក្សាទាំងនេះ លោកបានចែករំលែកនូវទស្សនវិស័យជាក់ស្តែងស្តីពីការអភិវឌ្ឍវិស័យធានារ៉ាប់រង បរិយាប័ន្នហិរញ្ញវត្ថុ នវានុវត្តន៍នៃបណ្តាញចែកចាយអាជីវកម្ម អភិបាលកិច្ច និងកំណើននៃទីផ្សារកំពុងអភិវឌ្ឍ។
លោក ព្រូ ស៊ីថន ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតចំនួនពីរ ផ្នែកធុរកិច្ចអន្តរជាតិ និងច្បាប់ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ King’s College London និង Yokohama National University ដែលរូបលោកក៏ត្រូវបានបង្ហាញឈ្មោះនៅក្នុងព្រឹត្តិបត្រព័ត៌មានរបស់អតីតនិស្សិតផងដែរ។ លើសពីនេះ លោកបានបញ្ចប់ការសិក្សាថ្នាក់អប់រំកម្រិតប្រតិបត្តិ (Executive Education) ពីសាលាធុរកិច្ច Ivey Business School និង Melbourne Business School។ ការដឹកនាំដ៏ឆ្នើមរបស់លោកត្រូវបានទទួលស្គាល់តាមរយៈពានរង្វាន់កិត្តិយសជាច្រើន រួមមាន៖ ពានរង្វាន់ថ្នាក់ដឹកនាំវ័យក្មេងឆ្នើមប្រចាំឆ្នាំ (Young Leader of the Year) ពីស្ថាប័ន Asia Insurance Review, ពានរង្វាន់ Asian Legal Business 40 Under 40 ព្រមទាំងគ្រឿងឥស្សរិយយស “មុនីសារាភ័ណ្ឌ” នៃព្រះរាជាណាចក្រកម្ពុជា។
លោក ហុង ប៊ុនហួ គឺជានាយកប្រតិបត្តិហិរញ្ញវត្ថុ ដែលមានបទពិសោធន៍យ៉ាងក្រាស់ក្រែលជាង 20 ឆ្នាំ នៅក្នុងវិស័យធានារ៉ាប់រង។ លោកដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសមាហរណកម្មប្រតិបត្តិការ និងពង្រឹងវិន័យផ្នែកហិរញ្ញវត្ថុនៅទូទាំងស្ថាប័នទាំងមូល។
ក្នុងនាមជាថ្នាក់ដឹកនាំដែលមានទស្សនវិស័យកែទម្រង់ និងផ្តោតលើលទ្ធផលនៃការអនុវត្តជាក់ស្តែង លោក ប៊ុនហួ បានកសាងនូវស្នាដៃនិងសមិទ្ធផលការងារយ៉ាងលេចធ្លោ ចាប់តាំងពីការចូលរួមជាមួយក្រុមហ៊ុន ហ្វតតេ នៅក្នុងឆ្នាំ 2006។ លោកបានឆ្លងកាត់ និងកាន់តំណែងដឹកនាំសំខាន់ៗជាបន្តបន្ទាប់ ព្រមទាំងបានដើរតួជាកម្លាំងចលករក្នុងការបង្កើតក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច រហូតក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ នៅក្នុងឆ្នាំ 2019។
លោក ប៊ុនហួ ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច (MBA) ពីសាកលវិទ្យាល័យន័រតុន សញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំងសញ្ញាបត្រវិជ្ជាជីវៈផ្នែកច្បាប់ពាណិជ្ជកម្មកម្ពុជា និងពន្ធដារពីសាលាធុរកិច្ច CamEd ផងដែរ។ បច្ចុប្បន្ន លោកកំពុងបន្តការសិក្សាយកសញ្ញាបត្រគណនេយ្យករជំនាញអន្តរជាតិ ACCA។
លោក លឹម លីហួរ គឺជានាយកប្រតិបត្តិអភិវឌ្ឍដៃគូអាជីវកម្មថ្មី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ មានបទពិសោធន៍យ៉ាងក្រាស់ក្រែលជាង 20 ឆ្នាំ លើបណ្តាញចែកចាយអាជីវកម្មក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងឧស្សាហកម្មទំនិញប្រើប្រាស់រហ័ស (FMCG)។ លោកមានប្រវត្តិការងារដ៏លេចធ្លោក្នុងការកសាងបណ្តាញលក់ដែលមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងមានជំនាញវិជ្ជាជីវៈយ៉ាងស៊ីជម្រៅលើផ្នែកដៃគូធនាគារ ឬ ប៊េងកាសួរេន កិច្ចសហប្រតិបត្តិការភាពជាដៃគូ និងលទ្ធផលប្រតិបត្តិការអាជីវកម្ម។
លោក លីហួរ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំយុទ្ធសាស្ត្រកំណើនរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយដៃគូអាជីវកម្មថ្មី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការបើកបង្ហាញផ្នែកអតិថិជនថ្មីៗ ព្រមទាំងការជំរុញល្បឿននៃការជ្រៀតចូលក្នុងទីផ្សារ។
មុនពេលចូលរួមជាមួយក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ លោកធ្លាប់បានកាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្រុមហ៊ុន AIA Cambodia និងក្រុមហ៊ុន Manulife Cambodia ដែលនៅទីនោះ លោកបានកសាង និងពង្រីកវិសាលភាពនៃគំរូអាជីវកម្មប៊េងកាសួរេនដ៏ល្អប្រសើរចាប់តាំងពីដំណាក់កាលដំបូង។
កញ្ញា អ៊ា យ៉េងគាង គឺជានាយិកាផ្នែកអាជីវកម្មអត្ថប្រយោជន៍ធានារ៉ាប់រងសម្រាប់បុគ្គលិក នៅក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ មានបទពិសោធន៍ជាង 11 ឆ្នាំ នៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត រួមទាំងបទពិសោធន៍ជំនាញឯកទេសចំនួន 8ឆ្នាំ លើផ្នែកអាជីវកម្មសាជីវកម្ម។ កញ្ញាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនអាជីវកម្មធានារ៉ាប់រងជាក្រុម ព្រមទាំងពង្រឹងវត្តមានរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ឱ្យកាន់តែរឹងមាំនៅក្នុងទីផ្សារ។
ចាប់តាំងពីការចូលរួមជាមួយក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ នៅក្នុងឆ្នាំ 2019 កញ្ញា យ៉េងគាង បានជំរុញកំណើនធានារ៉ាប់រងអាយុជីវិតជាក្រុមមានកាលកំណត់ និងលើកកម្ពស់បទពិសោធន៍សេវាកម្មជូនដល់អតិថិជននៅទូទាំងបណ្តាក្រុមហ៊ុនសាជីវកម្ម អង្គការមិនមែនរដ្ឋាភិបាល និងដៃគូស្ថាប័ននានា។ កញ្ញាត្រូវបានទទួលស្គាល់ចំពោះសមត្ថភាពក្នុងការកសាងភាពជាដៃគូប្រកបដោយចីរភាព និងការផ្តល់ជូននូវដំណោះស្រាយអត្ថប្រយោជន៍ធានារ៉ាប់រងសម្រាប់បុគ្គលិកដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
កញ្ញា យ៉េងគាង ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។
អ្នកនាង វូ វិច្ចរ៉ា គឺជានាយិកាផ្នែកគ្រប់គ្រង និងអភិវឌ្ឍន៍ដៃគូធនាគារ នៅក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ មានបទពិសោធន៍យ៉ាងទូលំទូលាយលើកិច្ចសហប្រតិបត្តិការភាពជាដៃគូធានារ៉ាប់រង និងយុទ្ធសាស្ត្របណ្តាញចែកចាយអាជីវកម្ម។ អ្នកនាងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញកំណើនអាជីវកម្មប៊េងកាសួរេន តាមរយៈការពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រជាមួយបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ និងការពង្រីកវិសាលភាពនៃសេវាកម្មដល់អតិថិជន។
អ្នកនាង វិច្ចរ៉ា ត្រូវបានទទួលស្គាល់ចំពោះសមត្ថភាពក្នុងការកសាងក្រុមការងារដែលមានប្រសិទ្ធភាពខ្ពស់ និងមានប្រវត្តិការងារដ៏លេចធ្លោក្នុងការអភិវឌ្ឍបណ្តាញចែកចាយអាជីវកម្មប៊េងកាសួរេនចាប់តាំងពីដំណាក់កាលដំបូងបំផុត។ មុនពេលចូលរួមជាមួយក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អ្នកនាងធ្លាប់បានចំណាយពេល 7ឆ្នាំ នៅក្រុមហ៊ុន Manulife ក្នុងការដឹកនាំកិច្ចសហការជាដៃគូជាមួយគ្រឹះស្ថានធំៗ ដូចជា ធនាគារ ANZ Royal Bank និងធនាគារ ABA Bank ដែលសមិទ្ធផលនេះបានជួយឱ្យកញ្ញាទទួលបានពានរង្វាន់ដ៏មានកិត្យានុភាព Star of Excellence Award ផងដែរ។
លើសពីនេះ កញ្ញាក៏ធ្លាប់បានបំពេញការងារជាទីប្រឹក្សាផ្នែកកំណើនអាជីវកម្ម គ្រូបង្វឹក និងជាគ្រូឧទ្ទេសនាមផងដែរ។