លោក ស៊ុយ ចាន់ថារ៉ុង គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមានបទពិសោធន៍យ៉ាងក្រាស់ក្រែលជាង 20 ឆ្នាំ នៅក្នុងវិស័យធានារ៉ាប់រង។ ចាប់តាំងពីការចូលរួមជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ នៅក្នុងឆ្នាំ 2005 ក្នុងនាមជាបុគ្គលិកផ្នែករៀបចំឯកសារ លោកបានអភិវឌ្ឍខ្លួនជាបន្តបន្ទាប់រហូតទទួលបានតំណែងជាថ្នាក់ដឹកនាំជាច្រើន គ្របដណ្តប់លើផ្នែកលក់ ការអភិវឌ្ឍអាជីវកម្ម ការវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រង ការគ្រប់គ្រងសំណងធានារ៉ាប់រង ហានិភ័យប្រឈមក្នុងការវិនិយោគ ការធានារ៉ាប់រងបន្ត និងបណ្តាញចែកចាយ រួមទាំងដៃគូធនាគារ ឬ ប៊េងកាសួរេន និងក្រុមហ៊ុនកម្រៃជើងសាផងដែរ។ ជំនាញវិជ្ជាជីវៈដ៏ទូលំទូលាយ និងការយល់ដឹងយ៉ាងស៊ីជម្រៅលើប្រតិបត្តិការអាជីវកម្ម បានអនុញ្ញាតឱ្យលោកអាចជំរុញកំណើនប្រកបដោយចីរភាព ព្រមទាំងពង្រឹងឧត្តមភាពនៃស្ថាប័ន។
ក្នុងនាមជាអគ្គនាយក និងជាសមាជិកក្រុមប្រឹក្សាភិបាល លោក ស៊ុយ ចាន់ថារ៉ុង ត្រូវបានទទួលស្គាល់ជាថ្នាក់ដឹកនាំដែលមានឥទ្ធិពលក្នុងការធ្វើបរិវត្តកម្មស្ថាប័ន ដែលជានិច្ចកាលតែងតែគាំទ្រដល់នវានុវត្តន៍ ការកសាងក្រុមការងារដែលមានប្រសិទ្ធភាពការងារខ្ពស់ និងការបណ្តុះវប្បធម៌ការងារប្រកបដោយទំនួលខុសត្រូវ កិច្ចសហការ និងការកែលំអជាប្រចាំ។ លោកបានធ្វើការរួមបញ្ចូលគ្នារវាងចក្ខុវិស័យយុទ្ធសាស្ត្រ និងការអនុវត្តប្រកបដោយវិន័យខ្ពស់ ដើម្បីតម្រង់ទិសដៅក្រុមហ៊ុន ឱ្យមានលទ្ធភាពគ្រប់គ្រងរាល់ហានិភ័យដែលកំពុងកើតមាន និងចាប់យកឱកាសទីផ្សារថ្មីៗ។
ក្នុងនាមជាអ្នកគាំទ្រយ៉ាងមុតមាំលើភាពធន់នៃវិស័យកសិកម្ម និងបរិយាប័ន្នហិរញ្ញវត្ថុ លោកបានដឹកនាំគំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍដំណោះស្រាយធានារ៉ាប់រងដែលផ្តោតលើអាកាសធាតុនៅកម្ពុជា រួមមានបណ្ណសន្យារ៉ាប់រងដំណាំដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ (WICI)។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធក្នុងវិស័យឯកជន លោកបាននិងកំពុងបន្តរួមចំណែកដល់ការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីកសិកម្មឱ្យកាន់តែមានភាពធន់ និងចីរភាពផងដែរ។
លោកអគ្គនាយក បានចូលរួមយ៉ាងសកម្មនៅក្នុងសន្និសីទធានារ៉ាប់រងអន្តរជាតិ កម្មវិធីអភិវឌ្ឍន៍ថ្នាក់ដឹកនាំប្រតិបត្តិ និងវគ្គបណ្តុះបណ្តាលឯកទេសជាច្រើន រួមទាំងការចូលរួមនៅក្នុងទីផ្សារធានារ៉ាប់រងនៃទីក្រុងឡុងដ៍ (London insurance market) ផងដែរ។ លោកតែងតែត្រូវបានអញ្ជើញធ្វើជាវាគ្មិន សមាជិកកិច្ចពិភាក្សា និងសម្របសម្រួលនៅក្នុងវេទិកាធានារ៉ាប់រងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អាស៊ាន ដើម្បីចែករំលែកនូវទស្សនវិស័យ និងចំណេះដឹងក្នុងវិស័យនេះ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍការអនុវត្តការងារធានារ៉ាប់រងនៅទូទាំងតំបន់។
លោកក៏ជាសមាជិកដ៏សកម្មនៃក្រុមការងារធានារ៉ាប់រងផ្សេងៗ រាប់បញ្ជូលទាំងកម្រិតជាតិ និងកម្រិតអាស៊ាន។ ក្នុងនាមជាអ្នកតំណាងឱ្យកម្ពុជា លោកបានទទួលពានរង្វាន់ដ៏មានកិត្យានុភាព Young ASEAN Insurance Manager Award (YAMA) ក្នុងឆ្នាំ 2021 និងបានធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលធានារ៉ាប់រងអាស៊ានលើកទី 13 (13th ASEAN Insurance Congress) ដែលនេះសបញ្ជាក់ឱ្យឃើញពីសមត្ថភាពក្នុងការដឹកនាំ ព្រមទាំងសក្តានុពលរបស់លោកនៅក្នុងសហគមន៍ធានារ៉ាប់រងក្នុងតំបន់ផងដែរ។
លោកអគ្គនាយកទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រចំនួនពីរពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺបរិញ្ញាបត្រវិទ្យាសាស្ត្រ កុំព្យូទ័រ និងបរិញ្ញាបត្រអប់រំ (TEFL)។ លោកក៏ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួនពីរផងដែរ រួមមាន៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច (Executive MBA) ពីស្ថាប័ន ESSEC & Mannheim Asia-Pacific នៃសាលាធុរកិច្ច ESSEC Business School ប្រទេសសិង្ហបុរី។ លើសពីនេះ លោកទទួលបានសញ្ញាបត្រ និងតំណែងជំនាញវិជ្ជាជីវៈធានារ៉ាប់រងដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ រួមមានសញ្ញាបត្រកម្រិតខ្ពស់ Advanced Diploma in Insurance (ACII) ពីវិទ្យាស្ថាន Chartered Insurance Institute នៃចក្រភពអង់គ្លេស និងសញ្ញាបត្រកម្រិត Associateship in Insurance (AMII) ពីវិទ្យាស្ថានធានារ៉ាប់រងម៉ាឡេស៊ី ថែមទៀតផង។
លោកស្រី ម៉ឹង វណ្ណារី គឺជាថ្នាក់ដឹកនាំដ៏សកម្ម និងពោរពេញដោយថាមពល ដែលបច្ចុប្បន្នកំពុងបម្រើការងារជានាយិកានាយកដ្ឋានធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព និងនាយកដ្ឋានធានារ៉ាប់រងហិរញ្ញវត្ថុ នៅក្រុមហ៊ុន ហ្វតតេ។ លោកស្រីដឹកនាំការងារវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រង ការគ្រប់គ្រងសំណងធានារ៉ាប់រង និងការអភិវឌ្ឍផលិតផល ដោយជំរុញឱ្យមាននវានុវត្តន៍ និងឧត្តមភាពនៃប្រតិបត្តិការអាជីវកម្មនៅទូទាំងផលប័ត្រការងាររបស់លោកស្រី។
ជាមួយនឹងដំណើរជីវិតការងារនៅក្រុមហ៊ុន ហ្វតតេ ជិត 2 ទសវត្សរ៍មកនេះ លោកស្រីបានអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ចាប់តាំងពីការចាប់ផ្តើមជាបុគ្គលិកចុះកម្មសិក្សារហូតដល់ថ្នាក់ដឹកនាំជាន់ខ្ពស់។ លោកស្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះវិន័យនៃការវាយតម្លៃហានិភ័យ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណងធានារ៉ាប់រង និងការដាក់ចេញនូវដំណោះស្រាយនានាដែលផ្តោតលើអតិថិជនជាចម្បង។ ក្រៅពីការងារអាជីវកម្ម លោកស្រីក៏កំពុងបម្រើការងារជាប្រធានសម្របសម្រួលប្រចាំប្រទេសសម្រាប់អង្គការ OISCA Cambodia ផងដែរ។
លោកស្រី វណ្ណារី ទទួលបានតំណែងវិជ្ជាជីវៈជា Chartered Insurer ពីវិទ្យាស្ថាន CII នៃចក្រភពអង់គ្លេស ព្រមទាំងទទួលបានសញ្ញាបត្រកម្រិតខ្ពស់លើផ្នែកហិរញ្ញវត្ថុ ផ្នែកធានារ៉ាប់រង និងផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ។
លោក ឃាង រតនៈ គឺជាថ្នាក់ដឹកនាំដ៏សកម្ម និងគំរូ ដែលបច្ចុប្បន្នកំពុងបម្រើការងារជាប្រធាននាយកដ្ឋានធានារ៉ាប់រងយានយន្ត នៅក្រុមហ៊ុន ហ្វតតេ។ លោកដឹកនាំការងារវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រង ការគ្រប់គ្រងសំណងធានារ៉ាប់រង និងកិច្ចសហការជាដៃគូផ្នែកយានយន្ត ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើនវានុវត្តន៍ ការផ្តោតលើអតិថិជនជាចម្បង និងឧត្តមភាពនៃប្រតិបត្តិការ។
ក្នុងនាមជាបុគ្គលិកដែលបានបម្រើការងារជាមួយក្រុមហ៊ុន ហ្វតតេ ជាង 15ឆ្នាំ លោក រតនៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើបរិវត្តកម្មផលប័ត្រអាជីវកម្មធានារ៉ាប់រងយានយន្ត។ តាមរយៈការបង្កើនល្បឿននៃការឆ្លើយតបលើការគ្រប់គ្រងសំណងធានារ៉ាប់រង និងការលើកកម្ពស់ស្តង់ដាសេវាកម្ម លោកបានជំរុញ និងពង្រឹងទីតាំងប្រកួតប្រជែងរបស់ ហ្វតតេ នៅក្នុងទីផ្សារជាបន្តបន្ទាប់។ លោក រតនៈ បាននិងកំពុងនាំមកនូវវិន័យដ៏រឹងមាំ និងប្រកបដោយយុទ្ធសាស្ត្រក្នុងការប្រតិបត្តិការអាជីវកម្ម ដោយផ្អែកលើបទពិសោធន៍ដែលលោកមានលើផ្នែកសវនកម្ម និងហិរញ្ញវត្ថុនៅក្រុមហ៊ុន PwC Cambodia និង TOLL Cambodia។
លោក ឃាង រតនៈ គឺជាម្ចាស់ជ័យលាភីពានរង្វាន់ AYIM Excellence Award 2022 ព្រមទាំងទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ រួមជាមួយនិងសញ្ញាបត្រជំនាញវិជ្ជាជីវៈផ្នែកគណនេយ្យ និងផ្នែកអប់រំផងដែរ។
លោកស្រី ហេង រ័ត្នមនា គឺជាថ្នាក់ដឹកនាំដែលទទួលបានការគោរពកោតសរសើរយ៉ាងខ្លាំង ដោយបច្ចុប្បន្នកំពុងបម្រើការងារជានាយិកា នាយកដ្ឋានធានារ៉ាប់រងទ្រព្យសម្បត្តិ វិស្វកម្ម និងការដឹកជញ្ជូនទំនិញ នៅក្រុមហ៊ុន ហ្វតតេ។ ជាមួយនឹងបទពិសោធន៍ការងារជាង 20 ឆ្នាំ លោកស្រី ទទួលបន្ទុកលើការគ្រប់គ្រងការវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រង ការគ្រប់គ្រងសំណងធានារ៉ាប់រង និងការធានារ៉ាប់រងបន្ត នៅទូទាំងផលប័ត្រការងាររបស់លោកស្រីរួមមាន៖ ធានារ៉ាប់រងទ្រព្យសម្បត្តិ វិស្វកម្ម ការដឹកជញ្ជូនទំនិញ អាកាសចរណ៍ និងធានារ៉ាប់រងបំណុលទទួលខុសត្រូវ។
ចាប់ផ្តើមការងារក្នុងវិស័យធានារ៉ាប់រងជាមួយក្រុមហ៊ុន ហ្វតតេ នៅក្នុងឆ្នាំ 2005 លោកស្រី រ័ត្នមនា បានកសាងនូវចំណេះដឹងទាក់ទិននឹងវិស័យនេះយ៉ាងទូលំទូលាយ រួមផ្សំជាមួយនឹងបទពិសោធន៍ពីខាងក្រៅលើផ្នែកការធានារ៉ាប់រងបន្ត និងការអភិវឌ្ឍផលិតផល។ តាមរយៈរចនាបថដឹកនាំបែបសហការ និងប្រកបដោយវិន័យខ្ពស់ លោកស្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ ក៏ដូចជាពង្រឹងស្តង់ដានៃការវាយតម្លៃហានិភ័យ ព្រមទាំងជំរុញកំណើននៃប្រភេទខ្សែផលិតផលធានារ៉ាប់រងឯកទេសផ្សេងៗ។
លោកស្រី រ័ត្នមនា ទទួលបានតំណែងវិជ្ជាជីវៈជា Chartered Insurer (ACII ពីចក្រភពអង់គ្លេស) ព្រមទាំងទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច (MBA) ផ្ដោតលើហិរញ្ញវត្ថុ និងសញ្ញាបត្រថ្នាក់បរិញ្ញាបត្រពីរទន្ទឹមគ្នា លើផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងផ្នែកបកប្រែភាសា (Translation and Interpreting) ផងដែរ។
លោក ថោង ស្រស់ គឺជាថ្នាក់ដឹកនាំផ្នែកលក់ដ៏សកម្ម និងមានការប្តេជ្ញាចិត្តខ្ពស់ ដែលបច្ចុប្បន្នលោកជានាយកនាយកដ្ឋានផ្នែកលក់ នៅក្រុមហ៊ុន ហ្វតតេ។ ជាមួយនឹងបទពិសោធន៍ជាង 15 ឆ្នាំ លើយុទ្ធសាស្ត្រលក់ និងការអភិវឌ្ឍទីផ្សារ លោក ស្រស់ ផ្តោតខ្លាំងលើការជំរុញល្បឿនអាជីវកម្ម ការពង្រីកទំហំទីផ្សារ និងលទ្ធផលលក់ដ៏រឹងមាំ។
ដោយផ្អែកលើទស្សនៈយកលទ្ធផល និងការដឹកនាំផ្តោតសំខាន់លើអតិថិជនជាចម្បង លោក ស្រស់ បានកសាងក្រុមការងារផ្នែកលក់ពោរពេញដោយប្រសិទ្ធភាពខ្ពស់ បានជំរុញកំណើនអាជីវកម្ម និងពង្រឹងទំនាក់ទំនងជាមួយអតិថិជនជាបន្តបន្ទាប់។ លោក ស្រស់ ផ្តល់សារៈសំខាន់យ៉ាងខ្លាំងលើការបណ្តុះបណ្តាល ការណែនាំប្រឹក្សាយោបល់ និងការបណ្តុះវប្បធម៌ការងារប្រកបដោយទំនួលខុសត្រូវខ្ពស់។
លោក ថោង ស្រស់ ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច ពីសាកលវិទ្យាល័យមេគង្គកម្ពុជា និង បានបំពេញគ្រប់លក្ខខណ្ឌវិជ្ជាជីវៈក្នុងកម្មវិធី ASEAN Young Insurance Managers 2019 និងបច្ចុប្បន្នកំពុងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចផងដែរ។
លោក Paul គឺជានាយកនៃនាយកដ្ឋានធានារ៉ាប់រងផ្នែកលក់ទទួលបន្ទុកអតិថិជនចិន នៅក្រុមហ៊ុន ហ្វតតេ ដោយលោកទទួលបន្ទុកដឹកនាំការរៀបចំយុទ្ធសាស្ត្រ និងជំរុញកំណើនអាជីវកម្មនៅក្នុងទីផ្សារអតិថិជនដែលប្រើប្រាស់ភាសាចិន។ លោកនាំមកនូវបទពិសោធន៍ជាង 12 ឆ្នាំ លើផ្នែកលក់ធានារ៉ាប់រង និងការអភិវឌ្ឍអាជីវកម្ម។ ក្រោមការដឹកនាំរបស់លោក ផ្នែកសេវាកម្មអតិថិជនចិនបានសម្រេចនូវកំណើនបុព្វលាភធានារ៉ាប់រង និងផលប័ត្រអតិថិជនជាបន្តបន្ទាប់ តាមរយៈកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រនានា។
ដោយមានភាពស្ទាត់ជំនាញទាំងភាសាចិនស្តង់ដា (កុកងឺ) និងភាសាអង់គ្លេស លោក Paul ដើរតួនាទីជាស្ពានចម្លងដ៏សំខាន់រវាងក្រុមហ៊ុន ហ្វតតេ និងភាគីពាក់ព័ន្ធទាំងអស់ ដែលនេះបានជំរុញដល់ការពង្រឹងវត្តមានរបស់ក្រុមហ៊ុននៅក្នុងចំណោមអតិថិជនជាបុគ្គល និងអតិថិជនសាជីវកម្មចិន។
លោកទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងមានជំនាញវិជ្ជាជីវៈខ្ពស់លើផ្នែកគ្រប់គ្រងទំនាក់ទំនងអតិថិជន ការពង្រីកទីផ្សារ និងកិច្ចសហការបែបវប្បធម៌ចម្រុះ។
លោក ប្រាជ្ញ ពិសិដ្ឋ គឺជាអ្នកជំនាញដែលមានបទពិសោធន៍យ៉ាងក្រាស់ក្រែលក្នុងវិស័យធានារ៉ាប់រង ដែលបច្ចុប្បន្នលោកមានតួនាទីជានាយកនាយកដ្ឋានទំនាក់ទំនងសាជីវកម្ម និងជើងសា នៅក្រុមហ៊ុន ហ្វតតេ។ ចាប់តាំងថ្ងៃដំបូងជាមួយក្រុមហ៊ុន ហ្វតតេ នៅក្នុងឆ្នាំ 2007 លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងពង្រឹងវត្តមានទីផ្សាររបស់ក្រុមហ៊ុន តាមរយៈការកសាងទំនាក់ទំនងភាពជាដៃគូប្រកបដោយទំនុកចិត្តខ្ពស់ជាមួយបណ្តាក្រុមហ៊ុនកម្រៃជើងសា ក្រុមហ៊ុនធានារ៉ាប់រងបន្តលំដាប់សកល អតិថិជន និងភាគីពាក់ព័ន្ធសំខាន់ៗ។
លោក ពិសិដ្ឋ ត្រូវបានទទួលស្គាល់ចំពោះសមត្ថភាពក្នុងការជំរុញកំណើនអាជីវកម្ម តាមរយៈឧត្តមភាពនៃទំនាក់ទំនង និងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីទិដ្ឋភាពទូទៅនៃវិស័យធានារ៉ាប់រង។ ជាមួយនឹងបែបបទនៃការដឹកនាំបែបសហការ លោកបានផ្តល់អំណាច និងលើកទឹកចិត្តដល់ក្រុមការងារក្នុងការបន្តពង្រីកផលប័ត្រអាជីវកម្មផ្នែកសាជីវកម្មរបស់ ហ្វតតេ ព្រមទាំងលើកកម្ពស់យុទ្ធសាស្រ្តឈ្នះ-ឈ្នះក្នុងរយៈពេលវែងផងដែរ។
លោក ពិសិដ្ឋ ទទួលបានតំណែងវិជ្ជាជីវៈជា Senior Associate Certified Insurance Professional (CIP) ពីវិទ្យាស្ថាន ANZIIF និងទទួលបានសញ្ញាបត្រកម្រិត Associateship (AMII) ពីវិទ្យាស្ថានធានារ៉ាប់រងម៉ាឡេស៊ី (The Malaysian Insurance Institute) ព្រមទាំងសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច (MBA) ផ្នែកហិរញ្ញវត្ថុ។
លោក យ៉ាន់ ស៊ីផា គឺជាថ្នាក់ដឹកនាំផ្នែកលក់ដ៏សកម្ម និងពោរពេញដោយថាមពល ដែលបច្ចុប្បន្នលោកជានាយកនាយកដ្ឋានគ្រប់គ្រងភ្នាក់ងារលក់ នៅក្រុមហ៊ុន ហ្វតតេ។ លោកបានចូលបំពេញការងារនៅក្នុងឆ្នាំ 2008 ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការពង្រីកបណ្តាញភ្នាក់ងារលក់ និងដៃគូធានាគារ ឬ ប៊េងកាសួរេន ព្រមទាំងទទួលបន្ទុកលើការរៀបចំផែនការយុទ្ធសាស្ត្រ និងការគ្រប់គ្រងលទ្ធផលប្រតិបត្តិការប្រចាំថ្ងៃនៃកិច្ចសហការភាពជាដៃគូជាមួយបណ្តាធនាគារ និងភ្នាក់ងារសាជីវកម្មនានា។
ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកំណើនអាជីវកម្ម លោក ស៊ីផា បានកសាងបណ្តាញលក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងពង្រឹងកិច្ចសហការជាមួយដៃគូអាជីវកម្ម។ វិន័យផ្នែកពាណិជ្ជកម្មរបស់លោក គឺត្រូវបានគាំទ្រដោយគ្រឹះបច្ចេកទេសយ៉ាងស៊ីជម្រៅ ដែលលោកបានឆ្លងកាត់បទពិសោធន៍ផ្ទាល់ក្នុងនាមជាអ្នកវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រង លើទ្រព្យសម្បត្តិ យានយន្ត និងការធានារ៉ាប់រងគ្រោះថ្នាក់ផ្សេងៗ។ ការរួមបញ្ចូលគ្នាដ៏មានលក្ខណៈពិសេសនេះ បានអនុញ្ញាតឱ្យលោកអាចតម្រង់ទិសដៅនៃការគ្រប់គ្រងហានិភ័យឱ្យស្របទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។
លោក យ៉ាន់ ស៊ីផា ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចព័ត៌មានវិទ្យា (Informatics Economics) ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។
លោក Hiroki Okamoto គឺជានាយកនៃនាយកដ្ឋានធានារ៉ាប់រងផ្នែកលក់ទទួលបន្ទុកអតិថិជនជប៉ុន នៅក្រុមហ៊ុន ហ្វតតេ។ ក្រោយពេលចូលរួមការងារជាមួយក្រុមហ៊ុននៅក្នុងឆ្នាំ 2008 លោកបានផ្លាស់ទៅបម្រើការងារនៅប្រទេសឡាវ បន្ទាប់ពីក្រុមហ៊ុន ហ្វតតេ បានទិញយកក្រុមហ៊ុនធានារ៉ាប់រង Toko Jaya Lao Assurance។ នៅទីនោះ លោកបានបង្កើតផ្នែកសេវាកម្មអតិថិជនជប៉ុន ក្នុងនាមជាអ្នកជំនាញវិជ្ជាជីវៈធានារ៉ាប់រងដំបូងគេបង្អស់ដែលនៅប្រចាំការ ដើម្បីបម្រើសេវាកម្មជូនដល់អតិថិជនជប៉ុន។ ក្នុងរយៈពេលត្រឹមតែបួនឆ្នាំ លោកបានដឹកនាំពង្រីកអាជីវកម្មនេះដោយជោគជ័យ រហូតសម្រេចបានចំណែកទីផ្សារលំដាប់កំពូលនៅក្នុងវិស័យធានារ៉ាប់រងសម្រាប់អតិថិជនជប៉ុនក្នុងប្រទេសឡាវ។
លោក Hiroki បានចាប់ផ្តើមអាជីពការងារដំបូងនៅក្នុងឆ្នាំ 2010 នៅធនាគារ Bank of Tokyo-Mitsubishi UFJ ដោយទទួលបានបទពិសោធន៍យ៉ាងទូលំទូលាយផ្នែកធនាគារសាជីវកម្ម លើការផ្តល់ហិរញ្ញប្បទានគម្រោង ឥណទានរួមគ្នា និង M&A bridging finance។ លោកទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកប្រវត្តិវិទ្យា ពីសាកលវិទ្យាល័យ UCLA (ឆ្នាំ 2010)។
លោក ទូច ចាន់ដារ៉ា គឺនាយកនៃនាយកដ្ឋានប្រចាំតំបន់ នៅក្រុមហ៊ុន ហ្វតតេ។ បច្ចុប្បន្នលោកទទួលបន្ទុកដឹកនាំកំណើនអាជីវកម្ម និងលទ្ធផលប្រតិបត្តិការអាជីវកម្មនៃបណ្តាញសាខាការិយាល័យរបស់ក្រុមហ៊ុន។ លោកបានជំរុញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រអាជីវកម្ម ដើម្បីពង្រីកវិសាលភាពទីផ្សារ ពង្រឹងកិច្ចសហការជាមួយអតិថិជន និងល្បឿននៃកំណើនអាជីវកម្មនៅទូទាំងប្រទេស។
ចាប់តាំងពីថ្ងៃបម្រើការដំបូងនៅក្រុមហ៊ុន ហ្វតតេ ក្នុងឆ្នាំ 2014 លោកបានកសាងនូវជំនាញវិជ្ជាជីវៈលើផ្នែកគ្រប់គ្រងសំណងធានារ៉ាប់រង ការវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រង និងការអភិវឌ្ឍផលិតផល ដែលអនុញ្ញាតឱ្យលោកអាចបំប្លែងការយល់ដឹងផ្នែកបច្ចេកទេស ទៅជាដំណោះស្រាយជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។ ដោយផ្អែកលើទស្សនវិជ្ជាដឹកនាំដែលផ្តោតលើការផ្តល់អំណាចការងារ ទំនួលខុសត្រូវខ្ពស់ និងការតម្កល់លទ្ធផលជាចម្បង លោកផ្តោតសំខាន់លើការកសាងក្រុមការងារដែលមានសមត្ថភាពខ្ពស់ និងបណ្តុះវប្បធម៌ការងារឱ្យកាន់តែប្រសើរជាប្រចាំនៅគ្រប់តំបន់។
លោក ចាន់ដារ៉ា គឺជាសមាជិកនៃវិទ្យាស្ថានធានារ៉ាប់រងម៉ាឡេស៊ី (Malaysian Insurance Institute - MII) ព្រមទាំងទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈផ្នែកធានារ៉ាប់រងទូទៅលើការវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រង (Professional Certificate of General Insurance of Underwriting - PCGIU) ផងដែរ។
លោក ហេង ចាន់សុផល គឺជានាយកនៃនាយកដ្ឋានប៊េងកាសួរេន នៅក្រុមហ៊ុន ហ្វតតេ ដោយទទួលបន្ទុកដឹកនាំកំណើនអាជីវកម្ម និងលទ្ធផលប្រតិបត្តិការនៃបណ្តាញចែកចាយដៃគូធនាគារ ឬ ប៊េងកាសួរេន របស់ក្រុមហ៊ុន។ ចាប់តាំងពីការចូលរួមជាមួយក្រុមហ៊ុន ហ្វតតេ នៅក្នុងឆ្នាំ 2022 លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយបណ្តាគ្រឹះស្ថានធនាគារ ការបញ្ចូលដំណោះស្រាយធានារ៉ាប់រងទៅក្នុងដំណើរសេវាកម្មរបស់អតិថិជន ព្រមទាំងជំរុញកំណើនប្រកបដោយចីរភាពរួមមាន៖ អតិថិជនជារូបវន្តបុគ្គលិក សហគ្រាសធុនតូចនិងមធ្យម និងអតិថិជនលំដាប់ខ្ពស់។
ក្នុងនាមជាថ្នាក់ដឹកនាំមួយរូបដែលផ្អែកលើលទ្ធផលជាក់ស្តែង និងកិច្ចសហការភាពជាដៃគូ លោក ចាន់សុផល ត្រូវបានទទួលស្គាល់ចំពោះសមត្ថភាពក្នុងការកសាងទំនាក់ទំនងដ៏រឹងមាំជាមួយភាគីពាក់ព័ន្ធ ការរៀបចំយុទ្ធសាស្ត្រលក់ប្រកបដោយប្រសិទ្ធភាព និងការលើកកម្ពស់ផលិតភាពការងារ។ លោកផ្តោតលើការជួយគាំទ្រដល់គ្រឹះស្ថានធនាគារក្នុងការការពារផលប័ត្រ ព្រមទាំងលើកកម្ពស់ការផ្តល់ជូនតម្លៃបន្ថែមដល់អតិថិជនផងដែរ។
លោក ចាន់សុផល ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ដែលនេះជាគ្រឹះយ៉ាងរឹងមាំលើភាពជាអ្នកដឹកនាំ ការរៀបចំផែនការយុទ្ធសាស្ត្រ និងការអភិវឌ្ឍអាជីវកម្ម។