លោក ស៊ុយ ចាន់ថារ៉ុង ជាអគ្គនាយក នៃហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា)។
លោកថារ៉ុង មានបទពិសោធន៏ជាង ១៧ ឆ្នាំក្នុងវិស័យធានារ៉ាប់រង ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្រុមហ៊ុន ហ្វតតេ ក្នុងឆ្នាំ ២០០៥ លោកត្រូវបានតែងតាំងនាទីជាច្រើននៅក្នុងនាយកដ្ឋានវាយតម្លៃហានិភ័យ ដោយទទួលបានជំនាញផ្នែកលក់ ជំនាញផ្នែកវាយតម្លៃហានិភ័យ ការគ្រប់គ្រងសេវាធានារ៉ាប់បន្ត ការគ្រប់គ្រងបណ្តាញចែកចាយ ដូចជាភ្នាក់ងារ ឈ្មួញកណ្តាល និងធនាគារ ក៏ដូចជាការងារពាក់ព័ន្ធផ្សេងទៀតលើការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងនៃការខាតបង់ និងការងារជាច្រើនទៀត ។
លោកដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំក្រុមការងាររបស់ ហ្វតតេ លើការធានារ៉ាប់រងផ្នែកកសិកម្ម និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ។ គាត់បានសហការជាមួយស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីនាំមកនូវភាពច្នៃប្រឌិតតាមរយៈការសាកល្បងលើការធានារ៉ាប់រងដំណាំផ្សេងៗដូចជា៖ Weather Index Crop Insurance (WICI) Soil Moisture Index និង Area Yield Index ។ លោកក៏បានចូលរួមយ៉ាងសកម្មជាមួយសហគមន៍កសិកម្មនៅក្នុងប្រទេសកម្ពុជា ដោយបានធ្វើបទបង្ហាញ និងសិក្ខាសាលាផ្សព្វផ្សាយតាមខេត្ត ក្រោមកម្មវិធីជំរុញផលិតកម្មស្រួវ និងនាំចេញអង្ករ (Rice-SDP) ។ គាត់ជាសមាជិកនៃក្រុមការងារធានារ៉ាប់រងកសិកម្ម ក្រោមគណៈកម្មាធិការចែករំលែកការងារស្រាវជ្រាវគ្រោះមហន្តរាយធម្មជាតិអាស៊ាន (ANDREWS) ។
លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ (MBA) ពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី ។ លោកថារ៉ុងទទួលបាន Associateship (AMII) ពីវិទ្យាស្ថានធានារ៉ាប់រងម៉ាឡេស៊ី និងសញ្ញាប័ត្រ (ACII) ពីវិទ្យាស្ថានធានារ៉ាប់រង Chartered ចក្រភពអង់គ្លេស ។ គាត់ក៏ទទួលបានពានរង្វាន់ Winner – Young ASEAN Insurance Manager Award ក្នុងឆ្នាំ ២០២១ ហើយថ្មីៗនេះត្រូវបានតែងតាំងជាប្រធាន នៃសមាជធានារ៉ាប់រងអាស៊ានលើកទី ១៣ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ។
លោកស្រី ម៉ឹង វណ្ណារី ជានាយិកានាយកដ្ឋានធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព និងនាយកដ្ឋានធានារ៉ាប់រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ។ ទំនួលខុសត្រូវរបស់លោកស្រី រួមមានការគ្រប់គ្រងកិច្ចសន្យាការធានា ការទាមទារសំណង ការបញ្ជូនឯកសារស្នើសុំ និងដំណើរការទិន្នន័យសម្រាប់នាយកដ្ឋានធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព ព្រមទាំងមុខងារផ្សេងទៀត ក៏ដូចជាការអភិវឌ្ឍន៍ផលិតផលថ្មីផងដែរ ។ លោកស្រីបានចូលបម្រើការងារនៅក្រុមហ៊ុន ហ្វតតេ ក្នុងឆ្នាំ ២០០៦ ក្នុងនាមជាអ្នកហ្វឹកហាត់ការងារប្រតិបត្តិការ ហើយចាប់តាំងពីពេលនោះមក លោកស្រីត្រូវបានតែងតាំងជានាមន្ត្រីគ្រប់គ្រងប្រព័ន្ធពត៌មាន - និងជាអ្នកគ្រប់គ្រងនៃនាយកដ្ឋានឯកទេស ព្រមទាំងជំនួយការអនុប្រធានផ្នែកការធានាទៀតផង ។ លោកស្រីក៏ជាអ្នកសម្របសម្រួលតំណាងប្រទេសសម្រាប់ OISCA Cambodia ដែលជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមរបស់ ហ្វតតេ ផងដែរ ។
លោកស្រី វណ្ណារី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាឆ្នាំ2006។ បន្ទាប់ពីបានចូលប្រលោកក្នុងវិស័យធានារ៉ាប់រង លោកស្រីបានបន្តការសិក្សាវិជ្ជាជីវៈធានារ៉ាប់រង ដោយទទួលបានសញ្ញាបត្រ “Advanced Diploma in Insurance (ACII)” ពី Chartered Insurance Institute (CII) ចក្រភពអង់គ្លេស នាឆ្នាំ2009។ ក្នុងពេលជាមួយគ្នានេះដែរ លោកស្រីក៏ទទួលបានសញ្ញាបត្រ “Associateship in Insurance (AMII)” ពី Malaysian Insurance Institute (MII) ប្រទេសម៉ាឡេស៊ី។ បន្ថែមពីនេះទៀត លោកស្រីក៏ទទួលបានពានរង្វាន់និស្សិតឆ្នើមប្រចាំឆ្នាំ2009 ពី Malaysian Insurance Institute (MII) ប្រទេសម៉ាឡេស៊ី។ បន្ទាប់មក លោកស្រី បានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតពាណិជ្ជកម្មផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី ព្រមគ្នាជាមួយនឹងសញ្ញាបត្រក្រោយឧត្តមសិក្សាផ្នែកធុរកិច្ចពីវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ2013។ នៅឆ្នាំ2016 លោកស្រី បានទទួលងារជា “Chartered Insurer” ពី Chartered Insurance Institute (CII) ចក្រភពអង់គ្លេស។
លោក ឃាង រតនៈ ជានាយកនាយកដ្ឋានធានារ៉ាប់រងយានយន្តរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ។ លោកគ្រប់គ្រងការធានាទិញលក់ និងការទាមទារសំណងនៃធានារ៉ាប់រងយានយន្ត ក៏ដូចជាការអភិវឌ្ឍន៍ផលិតផលថ្មីផងដែរ ។ លោកតែងតែជំរុញឱ្យមានការផ្តល់ជូននូវផលិតផលដែលផ្តោតលើអតិថិជនប្រកបដោយភាពច្នៃប្រឌិត និងតាមតម្រូវការរបស់ពួកគាត់ ព្រមទាំងភាពបត់បែនលើកិច្ចព្រមព្រៀងទូទាត់សំណង ភាពពេញចិត្តរបស់អតិថិជន និងដឹកនាំភាពរីកចម្រើននៃរធានារ៉ាប់រងយានយន្តតរបស់ ហ្វតតេទាំងមូល ។ មុនពេលចូលបម្រើការងារជាមួយក្រុមហ៊ុន ហ្វតតេ ក្នុងឆ្នាំ ២០១២ លោកធ្លាប់ជាសវនករនៅ PwC Cambodia និងជាជំនួយការផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុន TOLL (Cambodia) Co., Ltd. ។
លោកគឺជាបេក្ចភាពក្នុបញ្ជីជ័យលាភីពានរង្វាន់ដ៏មានកិត្យានុភាព AYIM Excellence Award ឆ្នាំ២០២២ នៃវិទ្យាស្ថានអាស៊ានសម្រាប់អ្នកគ្រប់គ្រងធានារ៉ាប់រងវ័យក្មេង លើកទី ១៣ ដែលរៀបចំដោយមហាវិទ្យាល័យធានារ៉ាប់រងសិង្ហបុរី ។ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងបរិញ្ញាបត្រគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ព្រះរាជាណាចក្រកម្ពុជា និង ទទួលបានបរិញ្ញាប័ត្រ BEd ពីវិទ្យាស្ថានភាសាបរទេស (IFL) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។
លោកស្រី ហេង រ័ត្នមនា ជានាយិកា នាយកដ្ឋានធានារ៉ាប់រងទ្រព្យសម្បត្តិ វិស្វកម្ម និងការដឹកជញ្ជួនទំនិញរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ។ ជាមួយនិងបទពិសោធន៍ជាង ១៧ ឆ្នាំ ព្រមទាំងជំនាញបច្ចេកទេសនៅក្នុងវិស័យធានារ៉ាប់រង លោកស្រីគ្រប់គ្រងលើការវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រង និងការទាមទារសំណងនៃការធានារ៉ាប់រងទ្រព្យសម្បត្តិ វិស្វកម្ម និង ការដឹកជញ្ជូនទំនិញ រួមទាំងការធានារ៉ាប់រងអាកាសចរណ៍ផងដែរ ។
លោកស្រី បានចូលបម្រើការងារនៅក្រុមហ៊ុនហ្វតតេ ក្នុងឆ្នាំ២០០៥ ដោយមានតួនាទីជាបុគ្គលិកនៅក្នុងនាយកដ្ឋានវាយតម្លៃហានិភ័យ ដែលទទួលបន្ទុកលើប្រព័ន្ធចែកចាយផលិតផលធានារ៉ាប់រង និងការវាយតម្លៃហានិភ័យ ។ នៅក្នុងឆ្នាំ ២០០៩ លោកស្រី រ័ត្នមនា បានចូលបម្រើការងារនៅក្រុមហ៊ុនធានារ៉ាប់រង កម្ពុជាវៀតណាម ក្នុងមុខតំណែងជា ប្រធាន នៃនាយកដ្ឋានការវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រង ។ នៅទីនេះដែរ លោកស្រីបានទទួលបាននូវបទពិសោធន៏បន្ថែមជាច្រើនទៀតលើផ្នែកវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រង ដោយផ្តោតចំបងទៅលើការធានារ៉ាប់រងអាកាសចរណ៍ ការធានារ៉ាប់រងបន្តចេញក្រៅឬចូលក្នុង ក៏ដូចជាការអភិវឌ្ឍន៍ផលិតផលថ្មីៗផងដែរ។ ក្នុងឆ្នាំ២០១៥ លោកស្រីបានត្រឡប់ចូលមកបម្រើការងារ នៅក្រុមហ៊ុនហ្វតតេ ជាថ្មីម្តងទៀត ដោយមានតួនាទីជាអ្នកគ្រប់គ្រងនៃនាយកដ្ឋានធានារ៉ាប់រងហិរញ្ញវត្ថុ និងការដឹកជញ្ជួនទំនិញ ហើយបន្ទាប់មក ក៏បានចូលរួមជាមួយនាយកដ្ឋានការទាមទារសំណងធានារ៉ាប់រង ដោយមើលការខុសត្រូវទៅលើផលិតផលធានារ៉ាប់រងមិនមែនគ្រោះថ្នាក់ និងសុខភាព។
លោកស្រី រ័ត្នមនា ជាសមាជិកនៃ Chartered Insurance Institute ដែលជាស្ថាប័នជំនាញធានារ៉ាប់រង ពីចក្រភពអង់គ្លេស ដែលលោកស្រីបានបញ្ចប់ការសិក្សាវិជ្ជាជីវៈធានារ៉ាប់រង ដោយទទួលបានសញ្ញាបត្រ “Advanced Diploma in Insurance (ACII)” និង Chartered Insurer។ លោកស្រីបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម (ហិរញ្ញវត្ថុ) ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងបរិញ្ញាបត្រចំនួនពីរទៀតលើជំនាញ បកប្រែ ពីវិទ្យាស្ថានភាសាបរទេស (IFL) និងជំនាញគ្រប់គ្រងអាជីវកម្ម ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។
លោក ថោង ស្រស់ ជានាយកនាយកដ្ឋានផ្នែកលក់របស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ។ លោកមានបទពិសោធន៍លើផ្នែកលក់ និងអភិវឌ្ឍន៍យុទ្ធសាស្ត្រជាង១៥ឆ្នាំ ។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ លោកមានមោទនភាពក្នុងការរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុន តាមរយៈការកសាងក្រុមដ៏រឹងមាំមួយ ដើម្បីបង្កើនការអភិវឌ្ឍន៍អាជីវកម្ម ។ បេសកកម្មរបស់គាត់គឺការរក្សាជំហររបស់ ហ្វតតេ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេ ដោយបង្កើតក្រុមលក់ និងសេវាកម្មបម្រើអតិថិជនប្រកបដោយវិជ្ជាជីវៈ ដើម្បីផ្តល់នូវកញ្ចប់ធានារ៉ាប់រង និងសេវាកម្មដ៏ទូលំទូលាយបំពេញតាមតម្រូវការរបស់អតិថិជន ។
បន្ថែមពីលើមុខងារចម្បងរបស់គាត់ លោកក៏ត្រូវបានគេទទួលស្គាល់ថាជាប្រធានក្រុមដ៏ល្អ និងជាអ្នកដឹកនាំដែលគាំទ្រដោយពេញទំហឹង និងតែងតែផ្តល់អាទិភាពទៅលើសុខុមាលភាព និងការអភិវឌ្ឍន៍បុគ្គលិក ។ លោក ស្រស់ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចពីសាកលវិទ្យាល័យមេគង្គកម្ពុជា។
លោក ប្រាជ្ញ ពិសិដ្ឋ ជានាយកនាយកដ្ឋានទំនាក់ទំនងសាជីវកម្ម និងជើងសាររបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ។ លោកបានចូលរួមជាមួយក្រុមហ៊ុន ហ្វតតេ ក្នុងឆ្នាំ ២០០៧ ហើយបច្ចុប្បន្នជាអ្នកទទួលខុសត្រូវក្នុងការបង្កើត និងរក្សាទំនាក់ទំនងរឹងមាំជាមួយក្រុមហ៊ុនជើងសារ ក្រុមហ៊ុនធានារ៉ាប់រងសកល អតិថិជន បុគ្គលិក ភាគីពាក់ព័ន្ធ ហើយបង្កើតនូវគំនិតច្នៃប្រឌិតក្នុងការពង្រីកអាជីវកម្ម ។ មុនពេលចូលបម្រើការងារនៅក្រុមហ៊ុន ហ្វតតេ គាត់បានធ្វើការនៅ UNDP Cambodia និងជាមន្ត្រីផ្នែកលក់ក្នុងវិស័យសំណង់ ។
លោកគឺជាសមាជិកជាន់ខ្ពស់ Certified Insurance Professional (CIP) នៃវិទ្យាស្ថានធានារ៉ាប់រង និងហិរញ្ញវត្ថុអូស្ត្រាលី និងនូវែលសេឡង់ (ANZIIF) ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញបត្រ ផ្នែកសេដ្ឋកិច្ច និង អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច ហើយលោកក៏ Associateship (AMII) នៃ Malaysian Insurance Institute ផងដែរ។
លោក យ៉ាន់ ស៊ីផា ជានាយកនាយកដ្ឋានប៊ែងកាសួរេន និងគ្រប់គ្រងភ្នាក់ងាររបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ។ លោកទទួលខុសត្រូវលើការធ្វើផែនការយុទ្ធសាស្រ្ត និងដំណើរការអាជីវកម្មប្រចាំថ្ងៃជាមួយដៃគូធនាគារ និងភ្នាក់ងារសាជីវកម្មរបស់ ហ្វតតេ ។ លោកបានចូលមកបម្រើការនៅក្រុមហ៊ុនហ្វតតេក្នុងឆ្នាំ២០០៨ ហើយទទួលបានបទពិសោធន៍ជាអ្នកវិភាគហានិភ័យទៅលើអចលនទ្រព្យ យានយន្ត ឧបទ្ទវហេតុ ការបាត់ ការខូចខាត មរណភាព ការវិនាស,និងដោះស្រាយអាជីវកម្មជាមួយអន្តការី។
លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ។
លោក Hiroki Okamoto (Oka) គឺជានាយកនៃនាយកដ្ឋានធានារ៉ាប់រងផ្នែកលក់ទទួលបន្ទុកអតិថិជនជប៉ុន របស់ ហ្វតតេ ឡាវ និងជា នាយកនៃនាយកដ្ឋានផ្នែកលក់ធានារ៉ាប់រងជប៉ុន របស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ កម្ពុជា។ លោក Hiroki បានចូលរួមជាមួយ ហ្វតតេ ក្នុងឆ្នាំ 2018 ហើយបានផ្លាស់ទៅប្រទេសឡាវ បន្ទាប់ពី ហ្វតតេ បានជាវយកអតីតអាជីវកម្ម Toko Jaya Lao Assurance ។ លោកបានចាប់ផ្ដើម នាយកដ្ឋានផ្នែកលក់ធានារ៉ាប់រងជប៉ុនដំបូងគេសម្រាប់អតិថិជនជប៉ុននៅក្នុងប្រវត្តិសាស្រ្តនៃការធានារ៉ាប់រងទូទៅនៅក្នុងប្រទេសឡាវ។ ក្នុងរយៈពេល 4 ឆ្នាំនៃប្រតិបត្តិការ លោកបានទទួលជោគជ័យក្នុងការពង្រីកអាជីវកម្មនេះ ដើម្បីសម្រេចបានចំណែកទីផ្សារកំពូលនៃទីផ្សារធានារ៉ាប់រងជប៉ុននៅប្រទេសឡាវ។
អាជីពរបស់ លោក Hiroki បានចាប់ផ្តើមដំបូងនៅ Bank of Tokyo Mitsubishi UFJ Co.,Ltd ក្នុងឆ្នាំ 2010។ លោកទទួលបានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យធនាគារសាជីវកម្មសម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជី ជាពិសេសសម្រាប់ហិរញ្ញប្បទានគម្រោង កម្ចីរួមបញ្ចូលគ្នា និងហិរញ្ញវត្ថុសម្រាប់ការរួមបញ្ចូលគ្នា និងការទិញយកជាអ្នកគ្រប់គ្រងទំនាក់ទំនង។
លោកទទួលបានបរិញ្ញាបត្រផ្នែកប្រវត្តិសាស្ត្រ ដែលមានជំនាញខាងផ្នែកប្រវត្តិសាស្ត្រផ្ទាល់មាត់របស់អាហ្រ្វិក នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាទីក្រុង Los Angeles (UCLA) សហរដ្ឋអាមេរិក។
លោក ដារ៉ា គឺជានាយកនៃនាយកដ្ឋានប្រចាំតំបន់ ដែលពោរពេញដោយបទពិសោធច្រើនឆ្នាំក្នុងវិស័យធានារ៉ាប់រង។ លោក ទទួលខុសត្រូវលើ គ្រប់គ្រងប្រតិបត្តិការ អភិវឌ្ឍន៍ និង អនុវត្ថន៍ផែនការយុទ្ធសាស្រ្ដ សម្រាប់សាខាតាមបណ្ដាខេត្ត នឹងក្រុមប្រចាំការ លោកបានចាប់ផ្តើមអាជីពជាមួយ ហ្វតតេ ក្នុងឆ្នាំ 2014 ជាមន្រ្តីជាន់ខ្ពស់ក្នុងនាយកដ្ឋានផ្នែកអ្នកឯកទេស ដែលមានតួនាទីចម្បងក្នុងការគ្រប់គ្រងសំណង វាយតម្លៃហានិភ័យ និងអភិវឌ្ឍផលិតផលធានារ៉ាប់រង។
សព្វថ្ងៃ លោកដារ៉ា គឺជាសមាជិកម្នាក់នៃ The Malaysian Insurance Institute (MII) ប្រទេសម៉ាឡេស៊ី ហើយ ទទួលបានសញ្ញាបត្រ ឯកទេសផ្នែកវិភាគហានិភ័យសម្រាប់ធានារ៉ាប់រងទូទៅ (PCGIU) ។ បន្ថែមពីលើជំនាញធានារ៉ាប់រង លោក ក៏ទទួលបានសញ្ញាបត្រ បណ្ឌិតផ្នែកវេជ្ជសាស្ត្រទូទៅ បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកវេជ្ជសាស្ត្រ ពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង បរិញ្ញាបត្រផ្នែកអប់រំពី សាកលវិទ្យាល័យអាស៊ីអឺរ៉ុបផងដែរ។
ទៅខាងលើគេ