ថ្ងៃពុធ 13 មិនា 2024
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ និង មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ ខេមា សហការជាដៃគូយុទ្ធសាស្ត្រ ក្នុងការផ្តល់ដំណោះស្រាយសុខភាព និងការការពារអាយុជីវិត
By Forte Life

រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤ - ដំណើរឆ្ពោះទៅមុខមួយជំហានទៀត ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពគ្រួសារកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក តំណាងដោយលោក ព្រូ ស៊ី ថន ជាអគ្គនាយកក្រុមហ៊ុន និង មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ ខេមា ក្លូបលខូអិលធីឌី តំណាងដោយ លោកវេជ្ជបណ្ឌិត អ៊ឹម សារុន ជានាយកគ្រប់គ្រងទូទៅ បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ នៅការិយាល័យទីស្នាក់កណ្តាល របស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍។ កម្មវិធីបានប្រព្រឹត្តទៅយ៉ាងរលូន ក្រោមបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងរីករាយ រវាងថ្នាក់ដឹកនាំ និងក្រុមការងារទាំងពីរ។

 

 

កម្មវត្ថុនៃកិច្ចសហការនេះ គឺផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយដល់បុគ្គលគ្រប់រូប ដែលផ្តល់អាទិភាពចម្បងទៅលើកត្តាសុខភាព និងការការពារអាយុជីវិត។ លោក ព្រូ ស៊ីថន បានសម្តែងនូវមោទនភាពចំពោះភាពជាដៃគូនេះ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការផ្តល់នូវដំណោះស្រាយធានារ៉ាប់រងប្រកបដោយស្តង់ដារ ភាពបត់បែន ភាពច្នៃប្រឌិត និងតម្លៃសមរម្យបំផុត ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន។ លោកអគ្គនាយក បានបញ្ជាក់ថា អ្វីដែលសំខាន់នោះ គឺមិនត្រឹមតែការថែទាំសុខភាពតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែមួយជំហានបន្ទាប់នោះ គឺការបន្ថែមនូវធានារ៉ាប់រងអាយុជីវិត ដើម្បីធានាឱ្យមាននូវកេរដំណែលយូរអង្វែងសម្រាប់មនុស្សជាទីស្រឡាញ់។

 

“ការសហការគ្នាជាដៃគូជាមួយមន្ទីរពេទ្យ ខេមា មិនមែនជាលើកដំបូងទាំងស្រុងនោះទេ តាមពិតទៅ ពួកយើងបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធកន្លងមកហើយ។ ឥឡូវនេះ តាមរយៈពិធីចុះហត្ថលេខានេះ ស្ថាប័នរបស់យើងទាំងពីរ មានគោលបំណងពង្រីកសេវាកម្មជូនទៅអតិថិជនរបស់យើងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ យើងជឿជាក់ថា បងប្អូនគ្រួសារកម្ពុជាកាន់តែច្រើន មានភាពងាយស្រួលក្នុងការទទួលបាន នូវការណែនាំ និងសេវាកម្មដែលមានជំនាញវិជ្ជាជីវៈល្អបំផុត ទាក់ទងនឹងការរៀបចំផែនការហិរញ្ញវត្ថុ និងដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ដែលអាចឱ្យពួកគាត់ រស់នៅប្រកបដោយភាពជឿជាក់” លោក ព្រូ ស៊ីថន បានបញ្ជាក់យ៉ាងដូច្នេះ។

 

លោក ព្រូ ស៊ីថន បន្ថែមថា៖ “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ និង មន្ទីរពេទ្យពហុបំណងអន្តរជាតិ ខេមា គឺស្ថិតក្នុងចំណោមក្រុមហ៊ុនល្អបំផុតក្នុងស្រុក ដោយកំណត់យក ខ្នាតគំរូ និងស្តង់ដារខ្ពស់ នៅក្នុងរង្វង់ឯកទេសរបស់ពួកយើង គឺសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មថែទាំសុខភាព។”

 

លោកវេជ្ជបណ្ឌិត អ៊ឹម សារុន នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេមា ក្លូបលខូអិលធីឌី បានលើកឡើងពីសារៈសំខាន់ នាឱកាសក្លាយជាដៃគូដ៏រឹងមាំជាមួយ ហ្វតតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតល្អបំផុតក្នុងស្រុក។ កិច្ចសហការនេះ មានគោលបំណងបង្កើនទំនុកចិត្តដល់អតិថិជន ដែលបាននិងកំពុងស្វែងរកសេវាសុខភាព និងវេជ្ជសាស្រ្ដពី មន្ទីរពេទ្យពហុបំណងអន្តរជាតិ ខេមា ដោយជួយតភ្ជាប់នូវគម្លាតរវាង ធានារ៉ាប់រងអាយុជីវិត ការថែទាំសុខភាព និងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារ។

 

លោកវេជ្ជបណ្ឌិត អ៊ឹម សារុន បានលើកឡើងយ៉ាងដូច្នេះថា៖ “វាជាសញ្ញាវិជ្ជមាន នៅពេលដែលបងប្អូនគ្រប់គ្នាចាប់ផ្តើមយល់ដឹង និងធ្វើការសន្សំជាមួយធានារ៉ាប់រងអាយុជីវិត ព្រោះថាវាឱកាសដ៏ល្អ ក្នុងការទទួលបានអត្ថប្រយោជន៍ពីផលិតផលធានារ៉ាប់រងអាយុជីវិតជាមួយនឹងជម្រើសដ៏សម្បូរបែប មានស្តង់ដារខ្ពស់ ព្រមទាំងមានតម្លៃសមរម្យ”។

 

 

ក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្ថាប័នទាំងពីរបានប្តេជ្ញាចិត្តក្នុងការចូលរួមលើកកម្ពស់គុណភាព និងពង្រីកវិសាលភាពក្នុងការផ្តល់ការប្រឹក្សា ស្រាវជ្រាវ ការវិភាគ ការព្យាបាល និងសេវាថែទាំសុខភាព ព្រមទាំងការផ្តោតសំខាន់លើការផ្តល់សេវាធានារ៉ាប់រងអាយុជីវិតប្រកបដោយភាពច្នៃប្រឌិត បត់បែន សម្បូរបែប និងគ្រប់ជ្រុងជ្រោយទៅតាមតម្រូវការនៅកម្ពុជា៕

 

អំពី ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍

 

ហ្វតតេ ឡាយហ្វ៍ ដែលជាបុត្រសម័្ពន្ធរបស់ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលកំពុងរីកលូតលាស់ យ៉ាងឆាប់រហ័ស ប្តេជ្ញាផ្តល់នូវការការពារអាយុជីវិត និង ផលិតផលធានារ៉ាប់រងវិនិយោគដ៏សម្បូរបែប កើតចេញពីការអភិវឌ្ឍជាបន្តបន្ទាប់ ផ្អែកលើបទពិសោធន៍ របស់ក្រុមហ៊ុន ហ្វតតេ នៅលើ ទីផ្សារក្នុងស្រុកអស់រយៈពេលជាង ២០ឆ្នាំ ដែលស័ក្តិសម និងឆ្លើយតបទៅតាមតម្រូវការ និងបំណងប្រាថ្នា របស់ប្រជាជនកម្ពុជា ក្នុងយុគសម័យទំនើប។

 

ហ្វតតេ ឡាយហ្វ៍ ផ្តល់ជូននូវផលិតផលប្រកបដោយភាពច្នៃប្រឌិត តម្លៃសមរម្យ និង មិនស្មុគស្មាញ ដែលជាជម្រើសដ៏ល្អបំផុត សម្រាប់លោកអ្នក និង ស្ថាប័ន សាជីវកម្ម រួមមាន៖ ផលិតផលអាយុជីវិតលើគម្រោងគាំពារ, ផលិតផលអាយុជីវិតសម្រាប់ការសិក្សា, ផលិតផលអាយុជីវិតមានកាលកំណត់ជាក្រុម, ផលិតផលអាយុជីវិតការពារជាក្រុមទូលំទូលាយ និង ផលិតផលបន្ថែមគ្រុបមេដប្រូ៕

 

អំពី មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ ខេមា

 

មន្ទីរពហុព្យាបាលអន្តរជាតិ ខេមា ត្រូវបានបង្កើតឡើងជាមួយនឹងបេសកកម្មផ្តល់នូវកន្លែងសម្រាកព្យាបាល ឬវេជ្ជគ្រឹះប្រកបដោយឧត្តមភាព និងបទពិសោធន៍ល្អជូនអ្នកជំងឺ និងបានសម្រេចគោលដៅចម្បងរបស់ខ្លួនចាប់តាំងពីការបើកមន្ទីរពហុព្យាបាល និងសម្ភពរបស់ខ្លួនក្នុងឆ្នាំ ២០១៤ និង ២០១៦។

 

មន្ទីរពេទ្យខេមា ត្រូវបានសាធារណជនទទួលស្គាល់ ជាមន្ទីរពហុព្យាបាលដែលមានការអនុវត្តល្អបំផុតផ្នែកវេជ្ជសាស្រ្ត ជាមួយនឹងភាពទន់ភ្លន់ផ្នែកបដិសណ្ឋារកិច្ច ដោយផ្តល់នូវបទពិសោធន៍ប្លែកជូនអ្នកជំងឺ នៅគ្រប់សាខាទាំងអស់របស់យើង។ ស្ថាប័នយើងខ្ញុំ មានមោទនភាពបំផុត ចំពោះវប្បធម៌ជាវិជ្ជមាន និងកេរ្តិ៍ឈ្មោះរបស់យើងនៅលើទីផ្សារ ដែលបានកសាងឡើងក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ៕

ត្រូវការជំនួយមែនទេ?

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើងខ្ញុំ ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០៩៨ ៨០២ ៨០២ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ