យើងគិតថាហាត់ប្រាណត្រឹមត្រូវអាចរក្សា ឬសម្រកគីឡូ អាចជួយសុខភាពបានល្អ។ ក្រៅពីនេះ នៅមានអត្ថប្រយោជន៍ច្រើនទៀត គ្នាយើងអត់ចាប់អារម្មណ៍។ “Hello គ្រូពេទ្យ” នឹងលម្អិតពីអត្ថប្រយោជន៍ ៧ យ៉ាងបានពីការហាត់ប្រាណ៖
១- ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ
ពេលហាត់ប្រាណ រាងកាយបញ្ចេញ អង់ដូហ្វីន (endorphins) ដែលជាសាធាតុគីមីធ្វើឲ្យយើងមានអារម្មណ៍រីករាយ និងសុខស្រួលជាងមុន។ យើងចាប់ផ្តើមមានអារម្មណ៍ប្រសើរភ្លាមៗ ត្រឹមរយៈពេល ២-៣ នាទីក្រោយធ្វើចលនា។ ហាត់ប្រាណទៀងទាត់អាចផ្លាស់ប្តូររូបរាង បង្កើនទំនុកចិត្ត ស្រលាញ់ និងគោរពខ្លួនឯង។
២- ផ្តល់ថាមពល
ហាត់ប្រាណពិតជាអាចបង្កើនថាមពលខ្លាំងក្លាជាងមុន។ បើយើងហាត់ប្រាណទៀងទាត់ សាច់ដុំរឹងមាំ និងចេះអត់ធ្មត់ច្រើន។ វាជួយរាងកាយឲ្យបង្កើនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់ជាលិកាក្នុងខ្លួន ជួយប្រព័ន្ធសរសៃឈាមបេះដូង និងប្រព័ន្ធដង្ហើមដំណើរការល្អជាងមុន ធ្វើឲ្យថាមពលក្នុងខ្លួនយើងកើនជាលំដាប់។
៣- រក្សាគីឡូ
ចំណុចនេះគ្រប់គ្នាដឹងច្បាស់ ប៉ុន្តែគ្រាន់តែមិនដឹងដោយសារប្រតិកម្មអ្វីប៉ុណ្ណោះ។ ហាត់ប្រាណ ឬធ្វើសកម្មភាពកាន់តែខ្លាំង កាឡូរីកាន់តែត្រូវដុតបំផ្លាញ។ បើយើងមិនបានហាត់ប្រាណក៏ដោយ ត្រូវចាប់ផ្តើមបង្កើនសកម្មភាពធម្មតាៗប្រចាំថ្ងៃ ក៏មានប្រសិទ្ធភាពដែរ។ អាចប្រើជណ្តើរជើង ជំនួសជណ្តើរយន្ត រៀបចំផ្ទះ ធ្វើអ្វីក៏ដោយឲ្យតែបញ្ចេញកម្លាំង សុទ្ធតែល្អទាំងអស់។
៤- ផ្លូវភេទអេម
ចំណង់ផ្លូវភេទ អាចមានបញ្ហា ដោយសារអារម្មណ៍អស់កម្លាំង ឬគ្មានភាពរីករាយ។ ហាត់ប្រាណទៀងទាត់ជាដំណោះស្រាយដ៏ល្អ មិនត្រឹមតែជួយឲ្យអារម្មណ៍ល្អ សុខភាពល្អប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលវិជ្ជមានលើសុខភាពផ្លូវភេទទៀតផង។ ហាត់ប្រាណជួយបង្កើនអារម្មណ៍ផ្លូវភេទសម្រាប់ស្រីៗ រីឯប្រុសៗហាត់ប្រាណទៀងទាត់ ជួយបញ្ចៀសបញ្ហាអសមត្ថភាពផ្លូវភេទ បើធៀបជាមួយគ្នាយើងមិនហាត់សោះ។
៥- ជួយឲ្យបេះដូងមានសុខភាពល្អ
ហាត់ប្រាណ ល្អបំផុតសម្រាប់បេះដូង។ ហាត់ប្រាណទៀងទាត់កាត់បន្ថយហានិភ័យបញ្ហាបេះដូង កំណើនកម្រិតខ្លាញ់កូលេស្ដេរ៉ុលក្នុងឈាម និងជួយការពារករណីឡើងសម្ពាធឈាម។
៦- បន្ថយហានិភ័យមហារីក
មហារីកពោះវៀនធំ សុដន់ និងសួត សុទ្ធតែអាចកាត់បន្ថយបានតាមរយៈការហាត់ប្រាណទៀងទាត់។ សម្រាប់គ្នាយើងមានជំងឺមហារីក អាចជួយឲ្យគុណភាពជីវិតប្រសើរជាងមុន។
៧- ហាត់ប្រាណធ្វើឲ្យអាយុវែង
ហាត់ប្រាណទៀងទាត់អាចឲ្យអាយុវែង ទោះជាមិនហាត់ខ្លាំងក៏ដោយ ក៏អាចរស់នៅបានយូរ ដោយគ្រាន់តែធ្វើចលនាស្រាលៗក៏បាន ទោះតិច ឬច្រើន សុទ្ធតែអាចជួយបាន បើធៀបជាមួយគ្នាយើងមិនហាត់សោះ។
សមាគមបេះដូងអាមេរិកអះអាងថា ហាត់ប្រាណ ១ ម៉ោង អាចបង្កើនអាយុបាន ២ ម៉ោង។ សម្រាប់មនុស្សពេញវ័យ គួរដាក់គោលដៅហាត់ប្រាណហោចណាស់ ១៥០ នាទី ឬច្រើនជាងនេះក្នុងមួយសប្ដាហ៍។
ត្រូវចាំថា គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញ មុនចាប់ផ្តើមកម្មវិធីហាត់ប្រាណណាមួយ ពិសេសសម្រាប់គ្នាយើងខានហាត់ប្រាណយូរ។ បើមានបញ្ហាសុខភាពរ៉ាំរ៉ៃ ដូចជា បញ្ហាបេះដូង ទឹកនោមផ្អែម ឬរលាកសន្លាក់ គួរទៅជួបពេទ្យ។